ក្រោយការប្រកួត Copa America នឹង EURO ឆ្នាំ 2024 នេះបានឈានមកដល់ទីបញ្ចប់ភ្លាម អ្នកគាំទ្របានទទួលដំណឺងសោកសៅអំពីការចូលនិវត្តន៍របស់កំពូលកីឡាករពីររូបភ្លាមតែម្តង។

បន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញបានបំបាក់តោកំណាចអង់គ្លេសដើម្បីលើកពាន EURO ពេលនេះខ្សែបម្រើប្រយុទ្ធរបស់ម្ចាស់ផ្ទះអាឡឺម៉ង់ កីឡាករ Thomas Muller បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិចាប់ពីពេលនេះតទៅ ដោយ Muller បានដើរតាមគន្លងរបស់ Toni Kroos ក្នុងការសម្រេចចិត្តបញ្ចប់អាជីពក្រុមជម្រើសជាតិត្រឹមនេះ ជាពិសេសក្រោយចំណាយពេល 14 ឆ្នាំជាមួយក្រុមជម្រើសជាតិ នឹងការចូលរួមចំណែកក្នុងគ្រាប់បាល់ 86 លើកក្នុងចំណោមការបង្ហាញខ្លួន 131 លើក។

ដោយឡែក នៅក្នុងទឹកដីសហរដ្ឋអាមេរិកដែលទើបតែបញ្ចប់ព្រឹត្តិការណ៍ Copa America កីឡាករ Angel Di Maria បានបញ្ជាក់ជាផ្លូវការថារូបគេនឹងមិនបន្តលេងអោយក្រុមជម្រើសជាតិអាហ្សង់ទីនទៀតនោះឡើយ ខណះដែលខ្សែប្រយុទ្ធស្លាបស្តាំវ័យ 36 ឆ្នាំចង់ទុកកន្លែងសម្រាប់កីឡាករជំនាន់ក្រោយ។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍ Copa America ឆ្នាំនេះបានទទួលការចាប់អារម្មណ៍ខ្លាំង ព្រោះអ្នកគាំទ្របានដាក់ការសង្ស័យថា វាអាចជាការប្រកួតចុងក្រោយរបស់ Lionel Messi សម្រាប់ម្ចាស់ពាន World Cup ផងដែរ៕