ប្រធានសហព័ន្ធបាល់ទាត់ប្រទេសកូឡុំប៊ី លោក Ramon Jesurun ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America។

លោក Jesurun ដែលជាអនុប្រធាននៃសហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូង ត្រូវបាននាំទៅកាន់មណ្ឌលកែប្រែ Turner Guilford Knight នៅម៉ោង 4 ទៀបភ្លឺ ក្រោយរងការចោទប្រកាន់អំពីការប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិក នឹងអ្នករៀបចំការប្រកួត។

សារព័ត៌មាន ESPN បានរាយការណ៍ថាបុរសវ័យ 71 ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ថាបានវាយទៅលើសន្តិសុខក្នុងកីឡដ្ឋាន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន យកឈ្នះទៅលើកូឡុំប៊ីក្នុងម៉ោងបន្ថែម។ ការប្រកួតមួយនោះបានពន្យាពេលមួយរយះ ដោយសារអ្នកគាំទ្រដែលគ្មានសំបុត្របាននាំគ្នាសម្រុកចូលទៅក្នុងកីឡដ្ឋាន Hard Rock នៃទីក្រុង Miami ហើយសមត្ថកិច្ចនៅក្នុងកីឡដ្ឋានបានឃាត់ខ្លួនមនុស្សចំនួន 10-15 នាក់រួចទៅហើយមុនការប្រកួតចាប់ផ្តើម៕